លើសពីនេះទៀត មានក្រុមហ៊ុនជាច្រើនធ្វើជាអ្នកសំរួលទិដ្ឋាការ ជាភ្នាក់ងារទិដ្ឋាការ ឬអ្នកសំរបសំរួលទិដ្ឋាការដែលប្រកាសជួយសំរួលក្នុងការដាក់ពាក្យលេង ឆ្នោតនេះ។ ការប្រើអ្នកក្រៅអោយជួយក្នុងការលេងឆ្នោតនេះមិនជាការចាំបាច់ទេ ហើយព័ត៌មានដែលមិនត្រឹមត្រូវដែលដាក់ចូលដោយអ្នកក្រៅនាំអោយគេ មិនអាចជាប់បាន ឬត្រូវបានបដិសេធមិនផ្តល់ទិដ្ឋាការអោយ បើទោះបីជាគេបានត្រូវប្រកាសថាជាប់ហើយក៏ដោយ។
អ្នកសំរបសំរួលទិដ្ឋាការខ្លះបានជួយអ្នកលេងឆ្នោត រក្សាទុកទំព័របញ្ជាក់ (Confirmation page) របស់គេ រួចហើយទារលុយបន្ថែមសំរាប់ការផ្តល់ព័ត៌មានចាំបាច់នៅលើទំព័រ បញ្ជាក់។ អ្នកសំរបសំរួលខ្លះថែមទាំងបានតំរូវអោយអ្នកជាប់ឆ្នោតធ្វើអ្វីដែល មិនត្រឹមត្រូវ ដើម្បីបានព័ត៌មាន។ បើអ្នកលេងឆ្នោតពឹងពាក់គេក្នុងការបំពេញពាក្យចូលលេងឆ្នោត គេគួរតែធ្វើយ៉ាងណាអោយគេអាចទទួលបាន និងរក្សាលេខបញ្ជាក់ (Confirmation number) ដែលមាននៅលើទំព័របញ្ជាក់ ដែលបានមកនៅពេលបំពេញពាក្យចូលលេងឆ្នោតចប់។
សំរាប់ឆ្នោត DV-2015 គ្មានការផ្ញើតាមសំបុត្រនូវសេចក្តីជូនដំណឹង និងលិខិតប្រាប់ពីការណាត់ជួបសំភាសន៍ទិដ្ឋាការទេ ដើម្បីជៀសវាងការបន្លំ។ អ្នកលេងឆ្នោត DV-2015 អាចទទួលអ៊ីម៉េលពីរដ្ឋាភិបាលអាមេរិកដែលរំលឹកគេអោយមើលថាតើគេ ជាប់ឬធ្លាក់ តាមរយៈ DV Entrant Status Check ក្រសួងការបរទេសអាមេរិកមិនដែលប្រើអ៊ីម៉េល ដើម្បីប្រាប់អ្នកលេងឆ្នោតថា រូបគេត្រូវបានជ្រើសរើសហើយនោះទេ។ អ្នកលេងឆ្នោតអាចដឹងថាតើឈ្មោះគេត្រូវបានជ្រើសរើស សំរាប់ការបន្តពិនិត្យតទៅទៀត ដោយចូលមើលត្រង់ DV Entrant Status Check ។ ការទាក់ទងរបស់យើងតាមអ៊ីម៉េល នឹងមិនប្រាប់ទៅអ្នកដែលជាប់ទេ ហើយក៏មិនប្រាប់លំអិតពីថ្ងៃខែនិងពេលវេលាសំភាសន៍ទិដ្ឋាការដែរ។ សូមចាំផងដែរថា ថ្ងៃសំរាប់ដំណើរការដាក់ពាក្យសុំទិដ្ឋាការឆ្នោត DV នឹងត្រូវបង់ទៅអោយបេឡានៅស្ថានទូតអាមេរិក ទៅតាមពេលវេលានៃការណាត់ជួប។ រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនសុំអោយលោកអ្នកផ្ញើលុយជាមុនតាមសែក អាណត្តិប្រៃសណីយ៍ ឬការផ្ទេរលុយតាមធនាគារទេ។
លោកអ្នកមិនគួរជឿអ៊ីម៉េលដែលអះអាងថា លោកអ្នកបានជាប់ឆ្នោត ហើយត្រូវដាក់ពាក្យសុំទិដ្ឋាការទេ។ អ៊ីម៉េលដែលមានបំណងមិនល្អបែបនេះត្រូវបានផ្ញើដោយឧក្រិដ្ឋជន ដែលមានបំណងបោកយកលុយពីគេ។ បើលោកអ្នកទទួលបានដំណឹងបែបនេះ សូមផ្ញើបន្តទៅស្ថានទូតឬកុងស៊ុលអាមេរិកដែលនៅជិតបំផុត។ ក្រសួងការបរទេសអាមេរិកមានការិយាល័យ ដែលធ្វើការជាមួយក្រុមហ៊ុនអ៊ិនធ័រណែត ដើម្បីបញ្ឈប់ការក្លែងបន្លំទាំងនេះ។
សូមចូលមើលគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក ដើម្បីដឹងព័ត៌មានពេញលេញស្តីពីការចូលរួមលេងឆ្នោត DV ។ សូមចូលមើលផងដែរនូវសេចក្តីព្រមានពីការបន្លំ ដើម្បីដឹងព័ត៌មានបន្ថែមស្តីពីការបន្លំតាមអ៊ិនធ័រណែត។
បើលោកអ្នកចង់ប្តឹងពីការបន្លំតាមអ៊ិនធ័រណែត សូមចូលមើលគេហទំព័រ econsumer.gov ដែលជាការងារខិតខំរួមគ្នារបស់ទីភ្នាក់ងារការពារអតិថិជនមកពី ប្រទេសចំនួន ១៧ ដែលបង្ហោះដោយគណកម្មាការពាណិជ្ជកម្មសហព័ន្ធ។ លោកអ្នកក៏អាចចូលមើលគេហទំព័រនៃមជ្ឈមណ្ឌលទទួលបណ្តឹងបទល្មើសតាម អ៊ិនធ័រណែត របស់ទីភ្នាក់ងារ FBI ផងដែរ។ ដើម្បីប្តឹងពីអ៊ីម៉េលដែលផ្ញើមកដោយគ្មានការសុំ សូមទាក់ទងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។