ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសបន្ថែមអក្សរចំនួន ១៣ភាសាបន្ថែមទៀតទៅលើសេវាកម្មផ្ញើសារអេឡិចត្រូនិកអនឡាញរបស់ខ្លួន gmail ដែលក្នុងនោះរួមមានទាំងភាសាខ្មែរផងដែរ។
ក្រុមហ៊ុនអ៊ីនធឺណិតយក្សនេះ បានបញ្ចូលភាសាចំនួន ១៣បន្ថែមពីលើភាសាចំនួន ៥៨ ដែលបានគាំទ្ររួចមកហើយនៅលើសេវាកម្ម Gmail កាលពីមុន។ ដូច្នេះ ឥឡូវនេះភាសាសរុបនៅលើ gmail មានទាំងអស់ ៧១ភាសាហើយ។ នេះអាចចាត់ទុកជាការលើកស្ទួយកិត្តិយសកម្ពុជាមួយផងដែរ ដែលក្នុងចំណោម ១៣ភាសាដែល Google បញ្ចូលថ្មីនេះមានទាំងភាសាខ្មែរនៅក្នុងនោះ។
ចំណែកឯ ១២ភាសាផ្សេងទៀតរួមមាន៖ ភាសាអាហ្វ្រិក (Afrikanns) អាមិននៀ អាហ្សេបៃហ្សង់ (Azeri) ចិន (ហុងកុង) បារាំង ហ្កាលីហ្សេ ហ្សកហ្ស៊ី ឡាវ ម៉ុងហ្គោល នេប៉ាល់ ស៊ីហាឡា និងហ្សូលូ។
ក្រុមហ៊ុន Google នឹងព្យាយាមបង្កើតឱ្យមានការគាំទ្រភាសាកាន់តែច្រើនថែមទៀត និងដំណើរការសេវាកម្ម Gmail បានរឹតតែរលូន។ ភាសាទាំង ១៣ដែលទើបបញ្ចូលថ្មីនេះ នឹងចាប់ដំណើរការបានទាំងនៅលើកម្មវិធី Browser របស់កុំព្យូទ័រ (Desktop Browser) និង Smartphone Browser ផងដែរ៕
សម្រាប់របៀបចូលទៅកែអក្សរនៅលើ Gmail សូមអនុវត្តតាមជំហានបន្តបន្ទាប់មាននៅក្នុងរូបណែនាំខាងក្រោម។
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ geeky-gadgets